មិនសរសើរមិនបាន! លោកឧកញ៉ា ផន វណ្ណិត កើតក្នុងគ្រួសារអ្នកខ្សត់ខ្សោយ ខិតខំប្រឹងរស់រហូតបានក្លាយទៅជាឧកញ៉ា

0
13

នឹកឃើញជីវិតខ្លួនឯង មិនធ្លាប់ស្រមៃថាមានថ្ងៃនេះទេ កុំថាឡើយ គោរមងារជាឧកញ៉ា សូម្បីគិតថារកលុយឱ្យបានចាយគ្រប់គ្រាន់ក៏ពិបាកដែរ។ ខ្ញុំចាប់កំណើតឡើង នៅភូមិក្រូច ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយចាស់ៗនៅទីនោះ ប្រាកដជាស្គាល់ច្បាស់ប្រវត្តិម្ដាយ ឪពុកខ្ញុំយ៉ាងច្បាស់ គឺអ្នកម្ដាយខំបេះបន្លែលក់ ឯឪពុកធ្វើចំណាកស្រុកទៅខេត្តផ្សេងរកការងារធ្វើ បែកប្រពន្ធកូន ជាទីស្រលាញ់ តាំងពីខ្ញុំនៅតូចៗមិនទាន់ដឹងក្ដីម្ល៉េះ។

ខ្ញុំអាយុបាន ២ឆ្នាំ ម្ដាយខ្ញុំក៏ចេញពីស្រុកកំណើត ទៅខេត្តស្ទឹងត្រែង ជួបជុំជាមួយឪពុកវិញ ហើយសង្ឃឹមថាជីវិតស្រួលជាងមុនបន្តិច ប៉ុន្តែកាន់តែយ៉ាប់លើសដើម។ ក្នុងចំណោមបងប្អូន ៤នាក់ មានតែខ្ញុំប៉ុណ្ណោះ ដែលបានតស៊ូរៀនសូត្រជាប់លាប់ ហើយសង្ឃឹមថាអាចកែប្រែជីវិតបាន។ ចំណែកបងប្អូន ៣នាក់ទៀត មិនបានរៀនខ្ពស់ដល់ថ្នាក់សាកលវិទ្យាល័យទេ។អាយុ ១៣ឆ្នាំ ខ្ញុំបានបួសជាសាមណេរ ហើយក៏បានចាប់ផ្ដើមរៀនបន្តនៅខេត្តស្ទឹងត្រែង ដែលជាទឹកដីម្ដាយខ្ញុំកំពុងដាំបន្លែ ធ្វើចម្ការ។ តែក្រោយ ខ្ញុំក៏ទៅរៀននៅខេត្តក្រចេះវិញ ព្រោះនៅខេត្តស្ទឹងត្រែង អត់មានសាលារៀនថ្នាក់ខ្ពស់ទេ។ បែកពីម្ដាយ អារម្មណ៍កំព្រាពិបាកថ្លែង ប៉ុន្តែដាក់ចិត្តផ្ញើខ្លួនស្វែងរកវិជ្ជានៅពុទ្ធិកអនុវិទ្យាល័យរហូតទទួលជោគជ័យ និងបានបន្តមកសិក្សានៅពុទ្ធិកវិទ្យាល័យរាជធានីភ្នំពេញបន្តទៀត។

ឆ្នាំ២០០៦ ខ្ញុំមានវាសនាល្អ ត្រូវបានគេបញ្ជូនទៅបន្តវិជ្ជានៅប្រទេសឥណ្ឌា រួចក៏ប្រឹងរៀនសូត្រនៅទីនោះ រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតនៅឆ្នាំ២០១១។ ជោគជ័យលើការរៀនសូត្រជាពេលវេលាដ៏រីករាយក្នុងជីវិត គិតថាអាចជួយម្ដាយឱ្យមានជីវភាពល្អប្រសើរជាងមុន ប៉ុន្តែពេលនោះ ក៏ជាពេលដែលម្ដាយចាប់ផ្ដើមធ្លាក់ខ្លួនឈឺ មានជំងឺមកបៀតបៀនពេញរាងកាយ។ ត្រលប់មកកម្ពុជា ខ្ញុំបានព្យាយាមប្រមូលយកប្រាក់ដែលខ្លួនមានទាំងប៉ុន្មាន ជួយព្យាបាលម្ដាយ និងតាមមើលថែម្ដាយតាំងពីខេត្តស្ទឹងត្រែង រហូតដល់រាជធានីភ្នំពេញ។ ជារឿងដ៏សង្វេគបំផុត នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១១ ម្ដាយរបស់ខ្ញុំក៏បានលាចាកលោក ទាំងមិនទាន់ស្គាល់ភាពស្រណុកសុខស្រួល បាយឆ្ងាញ់ម្ដងណាឡើយ ហើយការដែលគាត់ធ្លាក់ខ្លួនឈឺ គឺមកពីខំប្រឹងធ្វើការ មិនខ្វល់នឹងសុខភាពខ្លួនឯង 😢😢😢

នៅឆ្នាំ២០១១ ខ្ញុំបានសឹកវិញ ដោយគ្មានប្រាក់ ឬទ្រព្យសម្បត្តិអ្វីជាប់ខ្លួនឡើយ គឺមានតែចំណេះវិជ្ជាមួយមុខគត់ ដែលនៅជាប់ខ្លួន។ ចាប់ផ្ដើមដំបូង ខ្ញុំបានបង្រៀននៅសាលា Newton Thilay និងសាលា American Headway college សន្សំលុយទិញបានម៉ូតូមួយគ្រឿងជិះ។ ក្រោយមក នៅខែតុលាឆ្នាំ២០១១ ខ្ញុំក៏បានដាក់ពាក្យជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងបញ្ញាជាតិ ដោយទទួលបានប្រាក់ខែសមរម្យ អាចទំនុកបម្រុងខ្លួនឯងបាន ព្រមទាំងរៀបការជាមួយនារីជាទីស្រលាញ់ម្នាក់។

ជីវិតជាសាស្ត្រាចារ្យ បានធ្វើឱ្យខ្ញុំ រៀនសូត្រកាន់តែច្រើនឡើង និងស្វែងយល់ពីសង្គមកម្ពុជាកាន់តែខ្លាំង។ ខ្ញុំតែងយកបទពិសោធន៍ដែលខ្លួនធ្លាប់ជួបប្រទះមកចែករំលែកដល់សិស្ស ហើយតែងដឹកនាំនិស្សិត ចូលរួមការងារសង្គមផ្សេងៗទៀតជាច្រើន ដែលធ្វើឱ្យមនុស្សជាច្រើនទទួលស្គាល់សមត្ថភាព និងគុណតម្លៃ។ ក្រោយមក សាកលវិទ្យាល័យនានា បានទាក់ទងខ្ញុំបង្រៀនជាបន្តបន្ទាប់ ហើយក៏មានក្រុមហ៊ុនទាក់ទងឱ្យធ្វើជាអ្នកប្រឹក្សាយោបល់ ដោយទទួលបានប្រាក់ខែកាន់តែច្រើន។ ទោះបែបនេះក្ដី ខ្ញុំគិតថា ជីវិតមិនអាចនៅដដែលរហូតទេ គឺត្រូវធ្វើអ្វីដែលថ្មីជានិច្ច ហើយខ្ញុំក៏បានគិតពីការរកស៊ីវិញម្ដង។

តាមពិតទៅ ខ្ញុំមានចំណាប់អារម្មណ៍លើវិស័យកសិកម្ម និងវិស័យអចលនទ្រព្យតាំងពីឆ្នាំ២០១១ ហើយចាប់ផ្ដើមទិញដីដំបូងនៅម្ដុំចោមចៅ ផ្លូវជាតិលេខ៣ ដើម្បីទុកជាទ្រព្យជាប់ខ្លួន។ បន្ទាប់មកទៀត រាល់ថ្ងៃឈប់សម្រាក ខ្ញុំតែងធ្វើដំណើរទៅជាយក្រុង ពិសេសម្ដុំតំបន់ភ្នំរាប រហូតដល់គ្រួសារឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំចេះតែទៅទីនោះ ប៉ុន្តែខ្ញុំមានគោលដៅច្បាស់សម្រាប់ខ្លួនឯងរួចទៅហើយ។ ខ្ញុំបានចាប់ផ្ដើមធ្វើចម្ការពោត ចម្ការប័រ បានជាង ២០ហិកតា ហើយក៏មានរីសតផ្ទាល់ខ្លួន។ ក្រោយមក ក៏ចាប់អារម្មណ៍ខ្លាំង លើវិស័យអចលនទ្រព្យ ហើយអាចបើកក្រុមហ៊ុនខ្លួនឯង នៅខែឧសភា ឆ្នាំ២០១៨។

អ្វីដែលខ្ញុំអាចធ្វើបាន គឺប្រឹងជួយកសាងសមិទ្ធផលនានា និងធ្វើការងារសង្គមជាច្រើន។ មានប្រវត្តិជាកូនអ្នកក្រ ខ្ញុំមិនដែលភ្លេចកំណើត មិនភ្លេចថាចាប់ផ្ដើមពីណាទេ។ ទោះបីពេលនេះ ព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យ ប្រោសប្រទានគោរមងារជា ឧកញ៉ា តែខ្ញុំនៅតែស្គាល់កំណើតខ្លួនឯង នៅខេត្តព្រៃវែង ចាំរាល់ការលំបាក ដែលធ្លាប់ឆ្លងកាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here