មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលក្រោយពីបានចូលរួមហូបអាហារពេលយប់នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយកន្លែង
នៅក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយអ្នកខ្លះបានហូបបង្អែម ហើយខ្លះទៀតបានយកបង្អែមទៅផ្ញើឪពុកម្តាយ ប្តី ប្រពន្ធ និងកូន នៅឯផ្ទះ ។
លុះនាំគ្នាហូបរួច ស្រាប់តែមានអាការ: ឈឺក្បាល វិលមុខ ក្អួ តច ង្អោរ និងរាគរុស រត់ចូលបង្គន់ ជាច្រើនដងរហូតដល់ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព
និងគ្លីនិកឯកជនបង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ខណ:គេសង្ស័ យថា នៅក្នុងបង្អែមនៃពិធីមង្គលការនោះមានសារធាតុពុ ល ។
រហូតមកដល់ព្រឹកថ្ងៃបន្ទាប់ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កំពុងតែនាំគ្នាធ្វើការពិនិត្យទៅលើម្ហូបអាហារ និងបង្អែមទាំងនោះយ៉ាងយកចិត្តទុកដាក់ ។
ហេតុការណ៍ប្រជាពលរដ្ឋជាច្រើនភូមិ កើតបញ្ហារាគរុសក្អួតច ង្អោរ សង្ស័ យពុលបង្អែមយកមកពីរោងការនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១
ស្ថិតនៅក្នុងភូមិព្រៃសន្ទះ ភូមិអូរដូនតាលើ ភូមិអូរដូនតាក្រោម ភូមិកូនដំរី ភូមិដីស ភូមិអូរគន្ធៀងវ៉ា ភូមិភ្នំព្រាល និងភូមិផ្សេងៗ ជាច្រើនទៀត សរុបចំនួន៦៥នាក់ ។
ប្រភពព័ត៌មានពីលោក កែវ រំដេត មេឃុំស្ទឹងត្រង់ បានរៀបរាប់ឱ្យដឹងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះថា ៖
មុនពេលកើតហេតុ នៅក្នុងឃុំរបស់លោកមានការរៀបចំអាពាហ៍ពិពាហ៍ កូនប្រុស កូនស្រីរបស់ប្រជាពលរដ្ឋ ដោយគេចាប់ផ្តើមនាំគ្នាហូបអាហារ តាំងពីវេលាម៉ោង៦និង៣០នាទីយប់ រហូតដល់ម៉ោងប្រហែល១០យប់ ទើបចប់កម្មវិធី ។
លោកបន្តទៀតថា ប៉ុន្តែក្រោយពីហូបគ្រឿងក្លែម ម្ហូបអាហារ និងបាយ សម្លរួច ក្រុមអ្នករត់តុ ក៏បានលើកបង្អែមចុងក្រោយពីកន្លែងចុងភៅយកទៅដាក់ជូនឱ្យភ្ញៀវពិសា ដោយអ្នកខ្លះហូបនៅនឹងកន្លែងរោងការ
ខ្លះទៀតវេចខ្ចប់ យកទៅផ្ញើឪពុកម្តាយ ប្តី ប្រពន្ធ និងកូននៅឯផ្ទះ លុះនាំគ្នាហូបរួច ស្រាប់តែម្នាក់ៗ មានអាការ: ឈឺក្បាល វិលមុខ ក្អួតចង្អោរ និងរាគរុស
រហូតដល់នាំគ្នាដឹកយកទៅសម្រាកនៅគ្លីនិកឯកជនក្នុងឃុំស្ទឹងត្រង់ និងមណ្ឌលសុខភាពបង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់តែម្តង ។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៦៥នាក់ខាងលើដែលគេសង្ស័ យពុ លបង្អែមនេះ មានអ្នកខ្លះធ្ងន់ធ្ងរ រហូតដល់ព្យួរសេរ៉ូម អ្នកខ្លះស្រាល គ្រាន់តែចា ក់ថ្នាំ និងសម្រាកនៅក្នុងពេទ្យបន្តិចក៏ត្រឡប់ទៅផ្ទះវិញ ។
យ៉ាងណា រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ ដែលគេសង្ស័យពុលបង្អែមខាងលើ ត្រូវបានចេញទៅផ្ទះរៀងៗ ខ្លួនអស់ហើយ នៅសល់ប្រហែល៤ទៅ៥នាក់ប៉ុណ្ណោះ កំពុងសម្រាកនៅមណ្ឌលសុខភាព និងគ្លីនិកឯកជន ។
លោកបញ្ជាក់បន្ថែមទៀតថា មិនត្រឹមតែភ្ញៀវ និងអ្នកភូមិពុ លប៉ុណ្ណោះទេ សូម្បីតែកូនម្ចាស់កម្មវិធី ដែលរៀបអាពាហ៍ពិពាហ៍ក៏ពុ លផងដែរ ៕