ក្រោយពីមានផ្ទុះកូវីដ១៩លើបុគ្គលិកខ្លួន មុននេះបន្តិចម្ចាស់ហាង ម៉ូដស្តរ បានសរសេរក្នុងផេកហ្វេសប៊ូករបស់ខ្លួនដោយហួសចិត្តរៀបរាប់ថា “នាងខ្ញុំនិងស្វាមី និងបុគ្គលិកទាំងអស់
បានធ្វើតេស្តកូវីដ១៩កាលពីម្សិលមិញរួចហើយ។ ពេលនេះពួកយើងទាំងអស់គ្នា (៤៥នាក់) កំពុងធ្វើចត្តាឡីស័ក១៤ថ្ងៃ និងរងចាំលទ្ធផល។ សូមអរគុណពុកម៉ែបងប្អូន មិត្តភក្តិទាំងអស់ដែលបានសួរនាំពីសុខភាពពួកខ្ញុំ”។
គាត់បានរៀបរាប់បន្តថា “ចំពោះនាងខ្ញុំ មិនទាន់មានអីធ្ងន់ធ្ងរទេ គ្រាន់តែឈឺកតិចៗ ឈឺក្បាលតិចៗ សូមអរគុណ និង ជូនពរប្រជាជនខ្មែរយើងទាំងអស់ឆាប់ជៀសផុតពីរោគចង្រៃនេះ។
វាគួឱ្យខ្លាចណាស់ ទោះបីជាយើងខ្ញុំខំបង្ការយ៉ាងមុតមាំហើយនៅតែវាចូលមកបានដោយមិនទាន់ដឹងថាវាមកតាមណា។ ជាក់ស្តែងសូម្បីតែហាងគឺខ្ញុំបិទមិនទទួលភ្ញៀវ Walk in តាំងពីថ្ងៃទី 11 មីនា 2021 (លក់តែ online) តែបែជាផ្ទុះចេញពីខាងគណនេយ្យ នឹងអ្នកគ្រប់គ្រងស្តុកទៅវិញ»។”
ចុងក្រោយគាត់ក៏បានផ្តាំផ្ញើថា “កូវីដ១៩ ពិតជាសត្រូវលាក់មុខ ហើយកាចសាហាវណាស់ ដូច្នេះសូមអស់លោកអ្នកមេត្តាគោរពឲ្យបានខ្ជាប់ខ្ជួន នូវរាល់ការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។”
សូមបញ្ជាក់ថា ហាង ម៉ូដស្ទរ័ (modestore) ផ្អាកដំណើរការរយៈពេល 14 ថ្ងៃ ចាប់ពីថ្ងៃទី១៧មីនា២០២១នេះតទៅ ដោយសារបុគ្គលិក 2នាក់ ផ្នែកគណនេយ្យ និងគ្រប់គ្រងស្តុក ត្រូវបានរកឃើញវិជ្ជមានកូវីដ 19 កាលពីយប់ថ្ងៃទី១៦ មីនា២០២១ ៕