ចោរកំពូលស៊យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនយ៉ាងងាយ បន្ទាប់ពីរូបគាត់បានដេកលក់ក្នុងពេលចូលទៅធ្វើសកម្មភាពលួចក្នុងផ្ទះមួយកន្លែង ដែលម្ចាស់ផ្ទះនោះគឺជាមន្ត្រីប៉ូលិសស្រាប់តែម្តង។
បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thiager បានឲ្យដឹងថា ហេតុការណ៍ដូចក្នុងរឿងកំប្លែងនេះបានកើតឡើងនៅក្នុងខេត្ត Phetchabun ភាគខាងជើងនៃប្រទេសថៃ ខណៈបុរសជាចោរលួចនោះត្រូវបានគេដឹងថាត្រឹមថា មានអាយុ ២២ ឆ្នាំ។
ប្រភពខាងលើបានបន្តថា ចោរបានធ្វើសកម្មភាពចូលទៅលួចអីវ៉ាន់នៅម៉ោងប្រមាណជា ២ យប់ ហើយបុរសជាចោររូបនោះទំនងជាអស់កម្លាំងខ្លាំងក៏ឆ្លៀតសម្រាកនៅក្នុងបន្ទប់ដែលគាត់បានចូលទៅលួចអីវ៉ាន់នោះបន្តិច ហើយគាត់ក៏ជ្រុលដេករហូតដល់ភ្លឺតែម្តង។
បើតាមបុរសជាម្ចាស់ផ្ទះបានឲ្យដឹងថា បន្ទប់ដែលចោរបានចូលទៅដេកនោះគឺជាបន្ទប់ប្អូនស្រីរបស់គាត់ តែប្អូនស្រីរបស់គាត់នោះមិនបាននៅផ្ទះជាច្រើនថ្ងៃមកហើយ។
ម្ចាស់ផ្ទះនិងជាមន្ត្រីប៉ូលិសរូបនោះបានបន្តថា នៅពេលព្រឹកឡើងគាត់ហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយប្រទះឃើញម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់ប្អូនស្រីរបស់គាត់បានបើក ខណៈបន្ទប់គ្មានមនុស្សនៅជាច្រើនថ្ងៃមកហើយ។
ពេលនោះបុរសជាម្ចាស់ផ្ទះក៏បានទៅពិនិត្យមើលឃើញបង្អួចត្រូវបានគេគាស់ហើយក៏ស្រាប់តែប្រទះឃើញបុរសជាចោរកំពុងតែដេកលក់យ៉ាងស្រួលទៀងផង។
ភ្លាមនោះគាត់ក៏បានហៅកម្លាំងមានសមត្ថកិច្ចមកធ្វើអន្តរាគមន៍តែម្តង ហើយលោកចោរបានភ្ញាក់ដឹកខ្លួនឡើងទាំងមមីមមើគួរឲ្យអស់សំណើចបំផុតខណៈដែលប៉ូលិសបានដាស់ឲ្យគាត់ភ្ញាក់ដើម្បីចាប់ខ្លួន៕
ប្រភព Khmernote