ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងថា
រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់ថវិការដ្ឋដើម្បីទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លងម៉ែ» វិញ ស្របពេលដែលមន្ទីរពេទ្យចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩នៅថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល នឹងចរចាទិញយកមន្ទីរពេទ្យ «នគរទេព»
ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លងម៉ែ» បន្ទាប់ពីទិញរួចរាល់។ ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត ។
សម្តេចតេជោ បានបន្ថែមថា ថ្ងៃនេះមន្ទីរពេទ្យ នគរទេពចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ហើយ។
សូមជំរាបថា មន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ១៩ «ពេទ្យនគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺជាមន្ទីរពេទ្យទីពីរ
បន្ទាប់ពីអតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់ «The Great Duke» ដែលត្រូវបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩។
មន្ទីរពេទ្យស្ត្រីនគរទេព សាងសង់ឡើងក្នុងឆ្នាំ២០១១ ក្រោមមូលនិធិនគរទេព ដោយក្នុងនោះ លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺជាសហស្ថាបនិកមួយរូប។
ក្រោយពីមានការប្រកាសអំពីការទិញមន្ទីរពេទ្យខាងលើនេះ មុននេះបន្តិច ឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំមុខគេជាថ្មីម្តងទៀតក្នុងការប្រកាសថា៖
«ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោដើម្បីទិញមន្ទីពេទ្យ នគរទេព មកព្យាបាលបងប្អូនកើតជំងឺកូវី19 ចំនួន 3.5 លានប្រាំសែនដុល្លារ ។
ខ្ញុំមិនអាចរ ស់នៅតែឯង ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ នេះជាពេលយើងត្រូវសាមគ្គីគ្នា។»