យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានរាយការណ៍ថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលបង្កើតឡើងដោយវៀតណាម (Made-in-Vietnam) ត្រូវបានគេរំពឹងថា នឹងមានតម្លៃ ១២០,០០០ ដុង ឬ ៥.២២ ដុល្លារ ក្នុងមួយម្ជុល
ហើយវាមានប្រសិទ្ធិភាពច្រើនជាង ៩០% បើប្រៀបធៀបនឹងវ៉ាក់សាំង ដែលត្រូវបានបង្កើតដោយប្រទេសមួយចំនួន។ ក្រុមហ៊ុនឱសថជីវវិទ្យាសាស្ត្រ Nanogen JSC ដែលជាអ្នកបង្កើតវ៉ាក់សាំងឈ្មោះថា Nanocovax និងសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាម
ក៏បានចាប់ផ្តើមជ្រើសរើសអ្នកស្ម័គ្រចិត្តមួយចំនួន ដើម្បីធ្វើការសាកល្បងវ៉ាក់សាំងលើមនុស្សដំណាក់កាលដំបូង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះផងដែរ។
ថ្លែងទៅកាន់សារព័ត៌មាន Dantri/DTiNews នាយកស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Nanogen លោក Do Minh Si បាននិយាយថា Nanocovax ត្រូវបានផលិតតាមបច្ចេកវិទ្យាសំយោគប្រូតេអ៉ីន និងការធ្វើតេស្តម្តងហើយម្តងទៀតសម្រាប់ជាតិពុល ហើយការធ្វើតេស្តផ្សេងៗលើសត្វកណ្តុរ និងសត្វស្វា
បានបង្ហាញយ៉ាងច្បាស់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា។ លោកបានមានប្រសាសន៍ថា៖«យើងបានធ្វើតេស្តផ្សេងៗលើសត្វកណ្តុរ ទន្សាយ និងស្វា។ ការធ្វើតេស្តទាំងអស់បានបង្ហាញថា Nanocovax មានសុវត្ថិភាព និងប្រសិទ្ធភាពល្អ»។
យោងតាមក្រុមហ៊ុន Nanogen បាននិយាយថា ការសាកល្បងលើមនុស្សនឹងមាន ៣ ដំណាក់កាល ហើយដំណាក់កាលដំបូងនឹងត្រូវការអ្នកស្ម័គ្រចិត្តចំនួន ៦០នាក់ ដែលនឹងទទួលការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១៧ ខែធ្នូ។
ដំណាក់កាលសាកល្បងទាំង៣ ត្រូវបានរំពឹងថា នឹងបញ្ចប់នៅត្រីមាសទី៤ ឆ្នាំ២០២១ ជាមួយនឹងដំណាក់កាលចុងក្រោយ ដែលនឹងមានការចូលរួមពីមនុស្ស ៣០,០០០ នាក់៕