មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីចោរ៤នាក់ ប ន្លំលួ ចលុយជិត២ម៉ឺនដុល្លារយកចេញពីកន្លែង វីង បានសំរេចទៅហើយ តែសំណាងល្អបានប្អូនស្រីឃើញហើយស្រែក ម្ចាស់រត់ទៅប្រតាយប្រតបបានមកវិញ
ដែលហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចផ្ទះលក់អីវ៉ាន់ចាបហួយ និងបើកវីងវេលុយយីហោ វិន សាវុធ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ម្ចាស់វីង ដែលត្រូវជនសង្ស័យចូលលួចមិនបានសម្រេចខាងលើមានឈ្មោះ វិន សាវុធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកវីង និងលក់អីវ៉ាន់ចាបហួយខាងលើ ហើយតាមព័ត៌មានអោយដឹងទៀតថា នៅព្រឹកនោះជនសង្ស័យជាស្ត្រី និងបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿងមកដូរលុយនៅផ្ទះវីងចំនួន១០០ដុល្លារ ហើយក៏ត្រឡប់ទៅបាត់ទៅវិញ ។
លុះប្រមាណ១ម៉ោងក្រោយមក ជនសង្ស័យរូបនោះ ក៏បានត្រឡប់មកវិញឈប់នៅចិញ្ចើមផ្លូវ ធ្វើជាទិញភេសជ្ជៈខារ៉ាប៉ាវចំនួន១០កំប៉ុង ហើយអ្នកលក់រូបនោះក៏បានចេញពីកន្លែងវីងទៅយកអោយ នៅពេលដែលអ្នកលក់រូបនោះយកភេសជ្ជៈទៅអោយ ជនសង្ស័យអោយលុយធ្វើជាពន្យារពេល ហើយជនសង្ស័យម្នាក់ទៀតបន្លំចូលទៅក្នុងតូបវីង លួ ចយកឡាំងដែកដាក់លុយមានលុយ ប្រមាណជិត២ម៉ឺនរត់ចេញ ។
គាប់ជួនពេលនោះ ប្អូនស្រី ម្ចាស់វីងក៏បានឃើញទាន់ស្រែកចោរៗ និងដេញតាមប្រតាយដណ្តើមយកឡាំងនោះត្រឡប់មកវិញ ដោយបងប្រុសបានជួយដេញផងដែរ ។ ភ្លាមៗ ជនម្នាក់នោះបានរត់ឡើងជិះម៉ូតូបក្សពួកដែលឈប់ចាំ គេចបាត់ រួមជាមួយបក្សពួក២នាក់ទៀត ដែលមកបន្លំធ្វើជាទិញខារ៉ាប៉ាវនោះ ។
តាមកាមេរ៉ាសុវត្ថិភាព ជនសង្ស័យមានបក្សពួក៤នាក់ មានស្រីម្នាក់ ជិះម៉ូតូ២គ្រឿង ដោយប្រើល្បិចធ្វើជាទិញអីវ៉ាន់ ។ នេះចាត់ទុកជាសំណាងហើយ ដែលរត់ដេញតាមក្នុងរយៈពេលឆ្ងាយ ។ បើសិនជាជនសង្ស័យដែលជិះម៉ូតូឈប់ចាំ នៅជិតនោះម្ចាស់ឡើងជិះម៉ូតូគេចបាត់ទៅហើយ ៕