មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីប្រុសស្រីចំនួន១១នាក់ ត្រូវបានប៉ូលិសខេត្តបាត់ដំបង ឃាត់ខ្លួននាំយកទៅកាន់ស្នងការ ដើម្បីសាកសួរ ពាក់ព័ន្ធករណីប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសង តាមប្រព័ន្ធអីនធឺណិត។
មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ការបង្ក្រាបនេះធ្វើនៅរសៀលថ្ងៃទី ១៣ ខែ ធ្នូ ម្សិលមិញ ដោយធ្វើ ចំនួន ០២ ទីតាំង នៅក្នុងក្រុមទី ០៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងនោះ ក៏បានដកហូតនូវសម្ភារឧបករណ៍ មួយចំនួនធំផងដែរ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ទីតាំងដែលបានបេីកប្រកបមុខរបរអិនធឺណែតInternet ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ តែមានលួចលាក់បង្កប់នូវសកម្មភាពល្បែងស៊ីសង ដោយខុសច្បាប់នោះ សមត្ថកិច្ចនឹងចាត់វិធានការបង្រ្កាប និងបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់។ ដូច្នេះម្ចាស់ទីតាំងដែលកំពុងប្រកបមុខរបរនេះ សូមកុំប្រព្រឹត្តសកម្មភាព ល្មេីសច្បាប់ឱ្យសោះ៕