តារាកំប្លែងមុខស្ងួតមានប្រជាប្រិយភាពនិង ទទួលបានការគាំទ្រនាយ គ្រឿន ពេលនេះបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគ្រប់គ្នា ខណៈនៅសុខៗក៏មានប្រភពទម្លាយរូបភាពស្ថិតក្នុងឯកសណ្ឋានមន្រី្តនគរបាលពាក់ផ្កាយមួយ។
រូបភាពកម្រ១សន្លឹកដែលត្រូវបាន នាយ ពែកមី ជាបងប្រុសបង្ហោះ មិនត្រឹមតែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនោះទេថែមទាំងមានការចោទសួរថា តើនេះជាការពិតឬយ៉ាងណាដែលនាយ គ្រឿន មានតួនាទីជាមន្ត្រីផ្កាយ១បែបនេះ?។ ប៉ុន្តែការពិតនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។
រូបភាពនោះត្រូវបានចែកចាយលើបណ្តាញសង្គមហ្វេសប៊ុករបស់នាយ ពែកមី ជាមួយនឹងខ្លឹមសារសរសេរថា “ឲ្យហ្វេកប៊ុកវាមើលថា អាប្អូនផ្កាយ១ចុះទម្រាំអាបងផ្កាយប៉ុន្មាន? កុំឲ្យប៉ិនលុបរូបខ្ញុំផុសពេក លោកហ្វេកប៊ុកឯង។” ជាមួយគ្នានេះ ក៏មានការសួរនាំដែរថា ជាការពិតអត់ទេបង?។
កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅមិនអាចទាក់ទង ដើម្បីសុំការបំភ្លឺពីតារាកំប្លែងនាយ គ្រឿន តាមប្រព័ន្ធទូរសព្ទបាននៅឡើយទេ ខណៈមានទស្សនិកជនជាច្រើនកំពុងទន្ទឹងរង់ចាំចង់ដឹងជុំវិញព័ត៌មានមួយនេះ។ សង្ឃឹមថានាយ គ្រឿន នឹងចេញមុខបបញ្ជាក់ការពិតនៅពេលក្រោយ ដើម្បីស្រាយមន្ទិលមហាជន៕
ប្រភព កម្ពុជាថ្មី