ស្ថាបនិកសិប្បកម្មផលិតមីល្ពៅខ្មែរបាត់ដំបង កំពុងរៀបចំគម្រោងសិប្បកម្មផលិតមីបន្លែមួយប្រភេទទៀត បន្ទាប់ពីទទួលបានការគាំទ្រលើស្នាដៃចាស់។
លោក វ៉ាន់ គិមវ៉ាង ម្ចាស់សិប្បកម្មមីល្ពៅខ្មែរបាត់ដំបង បានបង្ហើបប្រាប់កម្ពុជាថ្មីនៅថ្ងៃពុធនេះថា លោកកំពុងរៀបចំគម្រោងផលិតមីបន្លែមួយប្រភេទទៀត ដោយកំពុងរៀបចំដាក់ជូនទៅហាងដៃគូផ្តាច់មុខរបស់លោក ដែលស្នើឲ្យលោកផលិតមីបន្លែដាក់ក្នុងហាងស៊ុបរបស់ខ្លួន។
លោក វ៉ាន់ គិមវ៉ាង មិនទាន់អាចបញ្ជាក់ឈ្មោះប្រភេទបន្លែបានទេ ដោយបង្ការពីការចម្លងដោយគ្រាន់តែបង្ហើបប្រាប់ថា នៅស្រុកខ្មែរមិនទាន់មានអ្នកធ្វើមីប្រភេទនេះនោះទេ ដោយគ្រោងចេញយ៉ាងយូរបំផុតរយៈពេល ១ ខែ ឬ២ខែដ៍ខ្លីខាងមុខ
ស្ថាបនិកសិប្បកម្មផលិតមីល្ពៅខ្មែររូបនេះ រំពឹងថា ប្រសិនបើលោកអាចផលិតបាន អាចនឹងមានការទាក់ទាញ និងទទួលបានការគាំទ្រ ពីអតិថិជន ដោយសារតែបន្លែអាចជួយសុខភាពបានច្រើនសម្រាប់មនុស្ស។
លោកថា កាលណាយើងលាយផលិតផលម្ស៉ៅបញ្ចូលជាមួយជាមួយបន្លែចម្រាញ់ចេញជាមីនោះនឹងមាន សារធាតុចិញ្ចឹមច្រើន ដែលខុសពីផលិតផលមីនៅលើទីផ្សារបច្ចុប្បន្ន ដោយលោកព្យាយាមបន្ថែមសារធាតុចិញ្ចឹមឲ្យបានច្រើនដែលមិនប៉ះពាល់ដល់សុខភាព៕
ប្រភព កម្ពុជាថ្មី